រក្សា
22 ឆ្នាំ
ទីកន្លែងកំណើត: ខេត្តកំពង់ឆ្នាំង
រក្សាកំពុងរៀនថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការថតភាពយន្តឯកសារ និងបានជួយក្នុងការផលិតភាពយន្តឯកសារមួយទាក់ទងនឹងការអភិរក្សសត្វដំរីនៅកម្ពុជា។
ស្ទឹងអារ៉ែង ស្ទឹងនៃការចងចាំ
ស្ទឹងអារ៉ែង គឺជាអត្តសញ្ញាណមួយដ៏សំខាន់របស់ប្រជាជនភាគតិចជនជាតិដើមជង ដែលរស់នៅទិសអាគ្នេយ៍នៃជួរភ្នំក្រវាញ។ ស្ទឹងនេះផ្តល់នូវធនធានដ៏មានតម្លៃសំរាប់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ក៏ដូចជាផ្លូវទឹកដ៏សំខាន់ក្នុងការធ្វើដំណើរ និងជាជំរករបស់សត្វក្រពើភ្នំ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងជំនឿរបស់ប្រជាជនក្នុងតំបន់នេះ។ ក្រៅពីនេះ ស្ទឹងអារ៉ែងក៏ជាស្ពានដែលចងសម្ព័ន្ធរវាងមនុស្ស និងមនុស្ស ក៏ដូចជាទីលម្ហែកាយដ៏មានប្រជាប្រិយភាព សំរាប់អ្នកភូមិដែលបានធ្វើការហត់ពេញមួយថ្ងៃផងដែរ។
បងប្អូនជនជាតិជងដែលរស់នៅតាមបណ្តោយស្ទឹងអារ៉ែង រស់នៅជីវិតដ៏សាមញ្ញ និងស្ងប់ស្ងាត់មួយ។ ខណៈពេលដែលស្ទឹងអារ៉ែងបន្តហូរកាត់ទីលំនៅរបស់ប្រជាជននៅទីនេះ វាហាក់ដូចជាក្លាយជាសាក្សីនៃក្តីស្រឡាញ់ និងភាពកក់ក្តៅរបស់គ្រួសារជាច្រើន ក៏ដូចជាសម្លេងសើចរបស់កុមារភាព និងសន្តិភាពរបស់ជីវិតតាមភូមិទៀតផង។
ខ្ញុំមានអារម្មណ៍ថា ស្ទឹងអារ៉ែងបានផ្ទុកនូវការចងចាំរបស់ជនជាតិជងជាច្រើនជំនាន់មកហើយ។ ហើយស្ទឹងនេះតែងហូរទៅមុខជានិច្ច ហាក់ដូចជាវាកំពុងបន្តរាយរាប់ការចងចាំទាំងនេះជានិរន្តរ៍អ៊ីចឹង…
បន្ទាប់ពីបានចំណាយពេល 2 ថ្ងៃអង្គុយសង្កេតជីវិតនៅតាមបណ្តោយស្ទឹងនេះ ខ្ញុំបានឃើញថា តាមពិត ធម្មជាតិមានចំណែកដ៏ធំមួយក្នុងជីវិតរបស់យើងគ្រប់គ្នា។ តាមការសង្កេតមើលជីវិតរបស់អ្នកភូមិនៅទីនេះ ធ្វើឲ្យខ្ញុំឆ្ងល់ថា តើសេចក្តីសុខសាមញ្ញដល់ថ្នាក់នេះឬ?
បន្ទាប់មកក៏មានចម្ងល់មួយទៀតលេចឡើងក្នុងចិត្តខ្ញុំ តើស្ទឹងនេះនឹងចាំខ្ញុំ ដូចដែលខ្ញុំនឹងចាំវាដែរឬទេ?
ប្រជាជនមកពីភូមិជិតនេះ កំពុងអង្គុយឈប់សំរាកនៅស្ទឹងអារ៉ែង។
បងប្អូនជនជាតិជងចូលចិត្តទុកក្របីខ្លួននៅស្ទឹងអារ៉ែងណាស់។ ពេលខ្លះ គាត់ទុកពួកវាចោលនៅទីនេះដល់ទៅមួយខែក៏មាន។
ក្រុមគ្រួសារជាច្រើនចូលចិត្តសំរាក និងបោកខោអាវនៅក្នុងស្ទឹងដែលនៅជិតផ្ទះគាត់បំផុត។
ថ្ងៃថ្មី លាងឡានដូចធម្មតា។
ក្មេងស្រីពីរនាក់ និងត្រីមួយក្បាល។
ថ្ងៃមួយទៀតនៃរដូវក្តៅ ជាមួយមិត្តភក្តិ។
ស្ពានបណ្តោះអាសន្នមួយដែលភ្ជាប់ភូមិក្នុងរដូវប្រាំង។
អ្នកនេសាទត្រីមួយរូប។
ដងស្ទឹងអារ៉ែង។
បុរសជនជាតិជង។
ពេលព្រឹកនៅតាមដងស្ទឹងអារ៉ែង។
ក្មេងប្រុសម្នាក់ និងប្រាសាទខ្សាច់របស់គាត់។
លាងម៉ូតូក្រោយពេលចប់កិច្ចការនៅជិតស្ទឹងអារ៉ែង។
ដើមឈើងាប់មួយដើម និងបរិវាររបស់វា។
ទឹកដែលហូរកាត់ និងសំអាតដោយធម្មជាតិ។
រូបឆ្លុះក្នុងកញ្ចក់។
គិតៗទៅ តើវាអស្ចារ្យដែរទេ ដែលធម្មជាតិអាចទទួលយកនូវអ្វីដែលយើងបោះបង់ចោល?
ធម្មជាតិផ្តល់ជីវិតឲ្យយើង ហើយក៏ទទួលយកនូវគ្រប់ផ្នែកនៃយើង រួមទាំងផ្នែកខ្លះដែលយើងមិនអាចយកតាមខ្លួនបាន។ យើងទៅ ឯធម្មជាតិនៅ។ តើវាបានធ្វើឲ្យអ្នកគិតដល់មនុស្សណាម្នាក់ ពេលណាមួយ ឬជីវិតណាមួយទេ? នៅពេលដែលអ្នកសម្លឹងមើលទៅដើមឈើមួយ ផ្លូវណាមួយ ឬក៏ស្ទឹងណាមួយ តើអ្នកមាននឹកដល់ដានរបស់វា ស្នាកស្នាមរបស់វា ឬក៏ជីវិតរបស់វាទេ? ឬក៏នឹកឃើញដល់ការចងចាំដែលអ្នកបានចែករំលែក ក្តីស្រឡាញ់ដែលអ្នកធ្លាប់ទទួលបាន និង ជីវិតដែលអ្នកធ្លាប់មានដែរឬទេ? នេះហើយ ជារឿងដែលខ្ញុំគិតថាអស្ចារ្យ!
តទៅមុខនេះ មិនថាយូរប៉ុណ្ណាទេ ស្ទឹងអារ៉ែងនឹងរំលឹកដល់ពេលដែលខ្ញុំកំពុងឈរនៅទីនេះ មនុស្សដែលបានមកសុំស្គាល់អារ៉ែងជាមួយខ្ញុំ អ្នកភូមិដែលខ្ញុំបានជួប និងបទពិសោធន៍មកអារ៉ែងលើកទីមួយរបស់ខ្ញុំ។ ដូចគ្នាផងដែរ ខ្ញុំក៏ជឿជាក់ថា ស្ទឹងមួយនេះក៏នឹងចងចាំខ្ញុំ ថាជាអ្នកមកពីខាងក្រៅមួយរូប ក្នុងដៃមានកាន់កាមេរ៉ាឈរថ្ធ្មឹងចាំមើលគេ ដែលបានមកលេងទីនេះ បានស្រឡាញ់ទីនេះ ហើយបានចាកចេញពីទីនេះ៕